មូលនិធិ អ៊ែរ អេស៊ា ផ្តល់ជំនួយឧបត្ថម្ភដល់ សិល្បៈខ្មែរអមតៈ
សិល្បៈខ្មែរអមតៈ និងមូលនិធិអ៊ែរ អេស៊ា (AirAsia Foundation) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយឧបត្ថម្ភនៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១២ ។
នៅឆ្នាំនេះ អ៊ែរអេស៊ា នឹងចូលរួមជាអ្នកឧបត្ថម្ភដល់ ដំណើរការបង្កើតឲ្យមាន និរន្តរភាពនៃសិល្បៈខ្មែរ ដែលអាចផ្តល់នូវថាមពល ដល់ការអភិវឌ្ឍ សម្រាប់បុគ្គល និងសហគមន៍ ។ ក្នុងផ្នែកមួយនៃកម្មវិធីសិល្បៈតាមសហគមន៍ មូលនិធិនឹងផ្តល់ជំនួយឧបត្ថម្ភដល់ថ្នាក់សិក្សារបាំបុរាណ និងរបាំប្រជាប្រិយ ថ្នាក់សិក្សាយីកេ និងថ្នាក់សិក្សាល្ខោនស្រមោលស្បែកធំ ។ បន្ថែមពីលើនេះទៀត អង្គការនឹងជួយឧបត្ថម្ភដល់ថ្នាក់សិក្សា ក្រុមតន្ត្រីភ្លេងខ្មែរ និងក្រុមស្មូត ។ អ៊ែរ អេស៊ា ក៏នឹងផ្តល់ការឧបត្ថម្ភដល់ដល់ក្រុមសម្តែងល្ខោនស្រមោលស្បែកធំ នៅខេត្តសៀមរាប ផងដែរ ។ សម្រាប់ក្រុមនេះ នឹងទទួលបានការបណ្តុះបណ្តាលបន្ថែមពីព្រឹទ្ធាចារ្យដែលមានជំនាញ ហើយនឹង ទទួលបានថវិកាសម្រាប់ ជួសជុលឧបករណ៍ស្បែកដែលបានខូចខាត ។
អ៊ែរ អេស៊ា ក៏បានឧបត្ថម្ភដល់ពិធីបើកដំណើរការ កម្មវិធីផ្លែផ្កា ជារដូវកាលថ្មីនៃទស្សនីយភាពសិល្បៈប្រពៃណីវប្បធម៌ខ្មែរ
ដែលនឹងចាប់ផ្តើមសម្តែងនៅថ្ងៃទី ០១ ខែវិចិ្ឆកា ឆ្នាំ២០១២ នៅសារមន្ទីរជាតិភ្នំពេញ ។ សម្រាប់រដូវកាលថ្មីនេះ កម្មវិធី នឹងបង្ហាញជូន នូវទស្សនីយភាពបីបញ្ចូលគ្នា របស់ក្រុមសិល្បករ/សិល្បការិនីរបស់សិល្បៈខ្មែរអមតៈ រួមមាន របាំបុរាណ និងប្រជាប្រិយខ្មែរ សម្តែងដោយក្រុមកុមារបាសាក់ ល្ខោនយីកេនិងដំណើរនៃជីវិតខ្មែរ ដែលពណ៌នាអំពីពិធីបុណ្យប្រពៃណីផ្សេងៗរបស់ ជនជាតិខ្មែរអម ដោយការប្រគុំតន្រ្តីដ៏សែនពិរោះ និងការស្មូត ។ ថវិកាដែលបានមកពីការសម្តែងត្រៀមទុកសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការថ្នាក់រៀនរបស់ សិល្បៈខ្មែរអមតៈ នាពេលខាងមុខបន្តទៀត ។
លោកស្រី យ៉ាប ម៉ុនឈីង (Yap Mun Ching) ប្រធានមូលនិធិបានលើកឡើងថា "ទស្សនវិស័យរបស់ មូលនិធិអ៊ែរ អេស៊ា គឺមិនមែនផ្តល់វិភាគទានឧបត្ថម្ភតែម្តងម្កាលប៉ុណ្ណោះទេ ប៉ុន្តែយើងមានចក្ខុវិស័យផ្តល់នូវមូលនិធិសម្រាប់គម្រោងកម្មវិធីដែលមានរយៈពេលយូរអង្វែង ដើម្បីរក្សាបាននូវនិរន្តរភាពការងារ ។ តាមរយៈកម្មវិធី "ផ្លែផ្កា” យើងកំពុងតែអនុវត្តនូវគោលការណ៍ក្នុងការជួយដល់សង្គមជាតិ ដើម្បីធ្វើឲ្យប្រាកដថា វប្បធម៌សិល្បៈ និងមរតកបេតិកភណ្ឌ នានា នៅតែមានជីវិតរស់រានសម្រាប់អនាគត ។ យើងមានការជឿជាក់ថា កម្មវិធីនេះ ជាសក្កានុពលក្នុងការផ្លាស់ប្តូរទស្សនយល់ដឹងអំពី ការថែរក្សា និងអភិរក្សវប្បធម៌សិល្បៈ និងមរតកបេតិកភណ្ឌ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូលផងដែរ” ។
មូលនិធិអ៊ែរ អេស៊ា ជាមូលនិធិសប្បុរសធម៌បង្កើតឡើងដោយក្រុមហ៊ុន អ៊ែរ អេស៊ានៅខែ មិនា ឆ្នាំ ២០១២ ក្នុងគោលបំណងផ្តល់ជំនួយឧត្ថម្ភដល់អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីពួកគេអាចបង្កើត និងឆ្នៃប្រឌិតនូវសមិទ្ធិផលថ្មីៗ ដោយផ្តល់នូវសមភាពដល់ប្រទេសទាំងអស់ទូទាំងអាស៊ីអាគ្នេយ៍ ។ ជាងនេះទៅទៀត មូលនិធិ បាន និងកំពុងជួយឧបត្ថម្ភគាំទ្រដល់អង្គការសង្គមជាច្រើន ដោយផ្តល់នូវថាមភាពដល់ពួកគេសម្រេចគម្រោងការងារឲ្យបានជោគជ័យ ដើម្បីការពារ អភិរក្ស និងជួយធ្វើឲ្យវប្បធម៌ និងមរតកបេតិកភណ្ឌមនុស្សជាតិនៅតែរស់រានបន្តជីវិតសម្រាប់មនុស្សជំនាន់ក្រោយ ។



